ខេត្តកណ្តាល ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលអញ្ជើញចូលរួមជាអធិបតីក្នុងពិធីតែងតាំងលោក ជា សារិទ្ធជាប្រធានមន្ទីររ៉ែ និង ថាមពលខេត្តកណ្តាល ជំនួស លោក យិន រដ្ឋា ត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងថ្មី កាលពីរសៀលថ្ងៃទី២៤ ខែ តុលាឆ្នាំ២០១៩ ។ យោងតាមអនុក្រិត្យលេខ១៣៧ អនក្រ. បក ចុះថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៨ ស្តីពីការរៀបចំនិងប្រព្រឹត្តិទៅរបស់ក្រសួងរ៉ែ និងថាមពល។
បន្ទាប់ពីពិធីប្រកាសតែងតាំងប្រគល់ត្រា និង ប្រកាសស្ដីពីការតែងតាំងមន្ត្រីរាជការ របស់មន្ទីររ៉ែ និង ថាមពល ខេត្តកណ្តាលរួចមកលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តកណ្តាលថ្មី បានប្តេជ្ញាថា លោក និង ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរព និង ខិតខំអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និង ទិសដៅមតិណែនាំ របស់ក្រសួង ក៏ដូចជាទិស ដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹង គុណភាព បច្ចេកទេស ពេលវេលា ជូនដល់ប្រជាពលរដ្ឋ រក្សានិងថែទាំសាមគ្គីភាពផ្ទៃក្នុង និង អង្គភាពពាក់ព័ន្ធទាំង អស់ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និង ប្រសិទ្ធភាពការងារ ។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានចូលរួមអបអួរជាមួយលោកប្រធានមន្ទីររ៉ែ និង ថាមពលខេត្តកណ្តាល ដែលទើបតែចូលកាន់តំណែងនាថ្ងៃនេះ និងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះស្នាដៃ ដែលមន្ទីររ៉ែ និង ថាមពលខេត្តកណ្តាលសម្រេចបាននូវលទ្ធផលការងារ បានយ៉ាងល្អកន្លងមក ដូចនេះ លោកប្រធានមន្ទីរដែល ទើបទទួលបានការប្រគល់ភារកិច្ចថ្មី ត្រូវខិតខំបំពេញការងារ អោយអស់ពីសមត្ថភាព លទ្ធភាព ទេព្យកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ និងការទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល និងចំពោះមុខរដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួនបំពេញតាមតួនាទី និងភារកិច្ច ។ ត្រូវចេះរួមសហការដឹកនាំពិភាក្សាក្នុងអង្គភាព ជាមួយមន្ត្រីក្រោមឱវាទ និងសហការល្អជាមួយបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានលើកឡើងថា ការផ្លាស់ប្តូរ និង ការផ្ទេរភារកិច្ចគឺជាភារកិច្ចចាំបាច់ និងជាតម្រូវការ របស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ត្រូវបន្តដឹកនាំឲ្យបានប្រសើរជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿននិងទាន់ពេល ។
ឯកឧត្ដម បានបន្តថា ដើម្បីសម្រេចភារកិច្ចនេះឲ្យបានល្អ មន្ទីរត្រូវ ខិតខំលើកផែនការ ការងារច្បាស់លាស់ និង ចំគោលដៅដើម្បីអនុវត្តដោយរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និង មានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។
ថ្នាក់ដឹកនាំខេត្តក៏ដូចជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិតជារួមគ្នាសម្រេចរាល់កិច្ចការដែលរាជរដ្ឋាភិបាល បានប្រគល់ជូនដោយអនុវត្តឲ្យបានជាក់ស្ដែងនូវការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យរបស់រាជរដ្ឋាបាល ដែលមានអភិបាលកិច្ចល្អជាស្នូលដោយអនុវត្តតាមពាក្យស្លោក «បម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និង វិបុលភាពប្រទេសជាតិ» ៕