(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញពីការងារស្នូលសំខាន់ៗចំនួន៥ និងភារកិច្ចចំនួន៣ របស់កម្លាំងកងរាជអាវុធហត្ថ ដើម្បីចូលរួមការពារសន្ដិសុខ សន្ដិភាព សណ្ដាប់ធ្នាប់ និងបង្ក្រាបរាល់បទល្មើសជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
ការងារស្នូលទាំង៥នោះរួមមាន៖
*ទី១៖ យកការងារបណ្ដុះបណ្ដាល អប់រំ ធ្វើជាមូលដ្ឋានក្នុងការកសាងធនធានមនុស្សក្នុងកងរាជអាវុធហត្ថ
*ទី២៖ ការបំពាក់មធ្យោបាយសម្ភារ ដើម្បីបម្រើឲ្យការងារហ្វឹកហ្វឺន និងប្រតិបត្តិការ
*ទី៣៖ កសាងហេដ្ឋារចនាសម្ព័ន្ធ សំណង់ ជំនុំជម្រក
*ទី៤៖ មេបញ្ជាការបានយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងសាលា ព្រោះថាបើគ្មានសាលាក៏គ្មានការបណ្ដុះបណ្ដាល
*ទី៥៖ ផែនការរបស់ខ្លួន គឺការចិញ្ចឹមថៃទាំងសុខភាព និងដោះស្រាយគោលនយោបាយ ចំពោះនាយ និងពលអាវុធហត្ថ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអះអាងថា តួនាទី និងភារកិច្ចរបស់កងរាជអាវុធហត្ថប្រមូលផ្ដុំសំខាន់ គឺមាន៣ រួមមាន៖ បង្ការ បង្ក្រាប និងសង្គ្រោះ។
ការបញ្ជាក់នេះបានធ្វើឡើង ពេលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺននាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៤ និងវគ្គបើកបររថយន្តជំនាន់ទី៣ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ក្នុងខេត្តកំពង់ឆ្នាំង។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា កងរាជអាវុធហត្ថ ក៏ត្រូវរួមចំណែកជាមួយនឹងអាជ្ញាធរ កម្លាំងដែលមានសមត្ថកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីការពារនូវសន្ដិសុខ សន្ដិភាព សណ្ដាប់ធ្នាប់ បង្ក្រាបនូវរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ ការពាររបបប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធិមនុស្ស និងកសាងកម្ពុជាជាប្រទេសនីតិរដ្ឋ ដែលនេះជាតួនាទីស្នួលចម្បងរបស់កងរាជអាវុធហត្ថ៕