ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
0

សេចក្តី​លោភលន់ អាច​ធ្វើឲ្យ​អ្នក​ភ្លេច​នូវ​សេចក្តី​ត្រិះរិះ​!

សេចក្តី​លោភលន់ អាច​ធ្វើឲ្យ​អ្នក​ភ្លេច​នូវ​សេចក្តី​ត្រិះរិះ​!

រយៈកាល​កន្លងមក ខ្ញុំ​បាន​ផ្សព្វផ្សាយ​នូវ​បទពិសោធន៍​អំពី​ការ​ឆបោក​ជា​ច្រើន​រូបភាព តាមរយៈ​លទ្ធផល​ដែល​ខ្ញុំ​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​បង្ក្រាបបាន តាំងពី​ខ្ញុំ​នៅ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ រហូត​មក​ធ្វើជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដូចជា​ករណី ទម្លាក់​មាស​បញ្ឆោត​ឲ្យ​យើង​ឃើញ​ហើយ​បបួល​យើង​ចែកគ្នា ដោយ​គេ​យក​គ្រឿងអលង្កា​ឬ​ប្រាក់​ដែល​មាន​ជាប់​ខ្លួន​យើង ហើយ​យើង​យក​មាស​ដែល​គេ​ទម្លាក់​មក​ផ្ទះ​ក្លាយជា​របស់​ក្លែងក្លាយ​, ករណី​អ្នក​មិន​ស្គាល់​ក្លែង​ជា​ជន​សប្បុរស​ឬ​ជា​អ្នក​សុំ​ស្នេហ៍​ពី​យើង ហើយ​ផ្ញើ​របស់របរ​មានតម្លៃ​ឬ​ប្រាក់​ពី​ក្រៅ​ប្រទេស​ឲ្យ​យើង បន្ទាប់មក​ក៏​មាន​អ្នក​ក្លែង​ជា​គយ​ឬ​សមត្ថកិច្ច តេ​ប្រាប់យើង​ថា​របស់​មានតម្លៃ​ឬ​ប្រាក់​ដែល​ផ្ញើ​មកពី​ក្រៅ​ប្រទេស​សុទ្ធតែ​ខុសច្បាប់ ហើយ​ក៏​បោក​យើង​ថា​ដើម្បី​យក​របស់​ឬ​ប្រាក់​ទាំងនោះ​បាន ត្រូវ​បង់ប្រាក់​ឲ្យគេ ជាដើម តែ​អ្វី​ដែល​ភ្ញាក់ផ្អើល និង​សោកស្តាយ​បំផុត គឺ​បាន​ឃើញ​ល្បិច​ឆបោក​ដដែលៗ របស់​ជន​ទុច្ចរិត​នៅតែ​មាន​ប្រសិទ្ធិភាព ដោយ​មាន​ជនរងគ្រោះ​ម្នាក់​ហើយ​ម្នាក់ទៀត ត្រូវ​រង​ការបោកប្រាស់ និង​ធ្វើឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​។​

​ថ្ងៃនេះ​ខ្ញុំ​សូម​លើក​យក​រូបភាព​ឆបោក មួយ​ករណី​ទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៥ មក​អំពាវនាវ​ជា​ថ្មី ដើម្បី​ឲ្យ​មហាជន​មាន​ការ​ប្រយ័ត្ន​។​

​ជនរងគ្រោះ​ម្នាក់ ត្រូវបាន​ជនជាតិ​ស្បែក​ខ្មៅ ៥​នាក់ លួងលោម​ថា​ពួកគេ​មាន មាន​ប្រាក់​ប្រឡាក់​ទឹកខ្មៅ ជាច្រើន​លាន​ដុល្លារ​អាមេរិក តែ​ពុំ​អាច​ចាយ​បាន លុះត្រាតែ​មាន ប្រាក់​ដុល្លារ​ពិតប្រាកដ យកមក​លាង​ជាមួយ​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​លាង​ជាមួយ​ប្រាក់​ប្រឡាក់​ទឹកខ្មៅ ទើប​ក្លាយជា ប្រាក់​អាច​ចាយ​បាន ដោយ​ពួក​វា​នឹង​ឲ្យ​ផលចំណេញ​មក​ជនរងគ្រោះ​វិញ ១​ទ្វេ​ជា​៣ ឬ ១​ទ្វេ​ជា​៥​។ ដំបូង​ឡើយ ជនរងគ្រោះ បាន​យក​ប្រាក់​ដុល្លារ​ពិតប្រាកដ ចំនួន ២​ពាន់​ដុល្លារ ឲ្យ​ក្រុម​ឆបោក ដាក់ចូល​ម៉ាស៊ីន ក្រឡុក​ជាមួយ​ម្ស៉ៅ និង​ដាក់​ប្រាក់​ប្រឡាក់​ទឹកខ្មៅ​ចូល ៨​ពាន់​ដុល្លារ តែ​មុនពេល​ក្រឡុក ក្រុម​ឆបោក​បានឲ្យ​ជនរងគ្រោះ​លេបថ្នាំ ដោយ​ប្រាប់ថា​ដើម្បី​ការពារ​ការពុល​ម្សៅ​គីមី​ដែល​ក្រឡុក​ប្រាក់ ហើយ​ពួក​វា​ក៏​លេប​ឲ្យមើល​មុន​ផងដែរ មួយសន្ទុះ​ក្រោយមក​ឃើញថា ប្រាក់​ចេញ​មក​វិញ ចំនួន ១​ម៉ឺន​ដុល្លារ សុទ្ធតែ​ជា​ប្រាក់​ដុល្លារ​ពិតប្រាកដ អាច​ចាយ​បាន (​ត្រង់​នេះ​ជា​ល្បិច​បន្លំ​មួយ​) បន្ទាប់មក ក្រុម​ឆបោក​ក៏​ប្រគល់​ប្រាក់​ដែល​ទើប​លាង​រួច ឲ្យទៅ​ជនរងគ្រោះ​ទាំងអស់ (​ត្រង់​នេះ​ជា​ល្បិច​ចិត្តសាស្ត្រ​មួយ​) ក្រោយមក​ជនរងគ្រោះ​ក៏​មាន​ការទុកចិត្ត ជឿ​លង់​ទៅលើ​ជន​ឆបោក​ទាំងស្រុង បានប្រគល់​ប្រាក់​ជា​បន្តបន្ទាប់ ឲ្យទៅ​ជន​ឆបោក​ទាំងនោះ រហូត​ដល់​ចំនួន ៧​លាន​ដុល្លារ ដើម្បី​លាង​ប្រាក់​ប្រឡាក់​ទឹកខ្មៅ ចំនួន ២៨​លាន​ដុល្លារ ហើយ​ក្រុម​ឆបោក បាន​បែងចែក​ឲ្យ​ជនរងគ្រោះ ចំនួន ២៥​លាន​ដុល្លារ គ្រាន់តែ​រាង រាល់ពេល ដក​ប្រាក់​ចេញពី​ម៉ាស៊ីន​ក្រឡុក គឺ​ក្រុម​ឆបោក​បាន​វេច​ខ្ចប់​រុំ​ស្កុត​ពណ៌​លឿង និង​ប្រាប់ថា​ប្រាក់​ទាំងនេះ មិនទាន់​ឲ្យ​ហែក​ភ្លាមៗ​ទេ ត្រូវ​ទុក​ច្រើន​ខែ​សិន ទើប​ហែក​ស្កុត​បាន បើ​មិន​អញ្ចឹង នឹង​មិន​អាច​ក្លាយជា​ប្រាក់​ពិតប្រាកដ​ឡើយ​។ ក្រោយមក​១​ខែ ជនរងគ្រោះ​មាន​ការសង្ស័យ ក៏​បាន​ហែក​ដុំ​ប្រាក់​ទាំងនោះ​មើល ក៏​ឃើញ​ថា​សុទ្ធតែ​ជា​ប្រាក់​ដុល្លារ​សែនខ្មោច និង​ក្រដាស់​ស​សុទ្ធ​ទាំងអស់ ទើប​ដឹងថា​ចាញ់បោក​គេ​។

​ជា​លទ្ធផល ជនរងគ្រោះ​ខាតបង់​ប្រាក់​រហូតដល់ ៧​លាន​ដុល្លារ (​ត្រង់នេះ គឺ​ក្រុម​ឆបោក​បាន​បន្លំ​ប្តូរប្រាក់ នៅពេល​ដាក់ចូល​ក្នុង​ម៉ាស៊ីន ដោយ​ត្រឡប់​ប្រាក់​ពិតប្រាកដ​ចុះ​ទៅ​ក្នុង​ប្រអប់​សម្ងាត់​នៅ​បាត​ម៉ាស៊ីន និង​ជំនួស​មកវិញ​នូវ​ប្រាក់​សែនខ្មោច​) ហើយ​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ត្រឹម​ជនជាតិ​ស្បែក​ខ្មៅ ០២​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់ រីឯ​បក្ខពួក​ជនល្មើស​ដែល​នៅ​សេសសល់ កំពុង​ស្រាវជ្រាវ​ស្វែងរក​បន្ត​។​

​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​យក​បទពិសោធន៍​ទាំងនេះ អំពាវនាវ​ដល់​បងប្អូន សូម​មាន​ការ​ត្រិះរិះ​ដោយ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត កុំឲ្យ​សេចក្តី​លោភលន់ មក​បិទបាំង​ភ្នែក​និង​រារាំង​ដល់​ការពិចារណា​យើង​បាន ព្រោះថា​លើ​លោក​នេះ ពុំ​មាន​ផលប្រយោជន៍​ឯណា រត់​មក​រក​យើង​ដោយ​ឯកឯង​ទេ បើ​គេ​ប្រាប់​យើង​ថា​អាច​រក​ប្រាក់​បាន​ស្រួល​ដោយ​មិនបាច់​ប្រឹង យើង​ត្រូវ​សួរ​ខ្លួនឯង​ថា ម្តេច​គេ​មិន​សម្ងំរ​ក​ម្នាក់​ឯង បែរជា​មក​ហៅរក​យើង​ឲ្យចូល​រួម​ចែករំលែក​ឬ​កាត់​បន្ថយ​ផលប្រយោជន៍​របស់​គេ តើ​យើង​ត្រូវ​ជា​អ្វី​នឹង​គេ ចុះ​ម្តេច​គេ​មិន​យក​ផលប្រយោជន៍​ទាំងនោះ​ទៅ​ចែករំលែក​ជាមួយ​ប្រពន្ធ​កូន បងប្អូន​សាច់ញាតិ មិត្តភក្តិ​ស្និទ្ធស្នាល ឬ​ជនរួមជាតិ​គេ​? នេះ​ហើយ​ជា​ទម្រង់​នៃ​ការបោកប្រាស់​។ សូម​អរគុណ​!
​វីដេអូ​: https://vt.tiktok.com/ZSr3yswfk/

 

Watch on TikTok

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com