ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
0

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន កោតសរសើរ​សមិទ្ធផល​កម្ពុជា និង​ប្រកាស​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន កោតសរសើរ​សមិទ្ធផល​កម្ពុជា និង​ប្រកាស​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​

នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែ​មេសា ឆ្នាំ​២០២៥, នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចសន្ទនា​ជាន់ខ្ពស់​ស្តីពី សកម្មភាព​មីន​នៅ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​តំណាង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​, ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​កំណត់​ទិសដៅ​ឆ្ពោះទៅ​សម្រេច​គោលដៅ កម្ពុជា​គ្មាន​មីន ។​

​ជា​កិច្ច​ចាប់ផ្ដើម​, សម្តេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ និង​ការរួមចំណែក​ដ៏​សំខាន់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​, ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​គ្រាប់មីន និង សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។ សម្តេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ពី​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ដែល​កម្ពុជា​សម្រេចបាន រួមមាន​៖ ការរំដោះ​ផ្ទៃ​ដី​សង្ស័យ​មាន​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បានស​រុបជាង ៣,២៩៧ គីឡូម៉ែត្រ​ក្រឡា​, ការកាត់បន្ថយ​អត្រា​អ្នករងគ្រោះ​មក​នៅ​ក្រោម ៥០​នាក់​ក្នុង​មួយឆ្នាំ និង​ការប្រកាស​ខេត្ត​ចំនួន ១៥ ជា​ខេត្ត​អស់​មីន​។ សម្តេច​បវរ​ធិបតី បាន​សង្កត់ធ្ងន់ថា សមិទ្ធផល​ទាំងនេះ បាន​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​រាប់លាន​នាក់ និង​បាន​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង​ជា​លំដាប់​។ សម្តេច​បវរ​ធិបតី​ក៏បាន​លើកឡើង​ពី​ការវិវត្ត​របស់​កម្ពុជា​ដែល​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ទទួល​ជំនួយ​ផ្នែក​សកម្មភាព​មីន ទៅ​ជា​ប្រទេស​ដែល​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន​ជា​សកល តាមរយៈ​ការបញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ និង​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​បោសសម្អាត​មីន​មនុស្សធម៌ ទៅកាន់​បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន​។​

​ក្នុង​ឱកាស​នេះ​ដែរ​, ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​, តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សម្រេច​គួរឱ្យកត់សម្គាល់​លើ​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ​, វាគ្មិន​ទាំងអស់ ក៏​បាន​កោតសរសើរ​តួនាទី​ដ៏​សកម្ម​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការចូលរួម​ក្នុង​សកម្មភាព​បោសសម្អាត​មីន​មនុស្សធម៌​, ការចែករំលែក​បទពិសោធ​ន៍ និង​ការហ្វឹកហ្វឺន​លើ​ជំនាញ​បោសសម្អាត​មីន​មនុស្សធម៌ ព្រមទាំង​បាន​សង្កត់ធ្ងន់ថា “​បទពិសោធន៍​ជោគជ័យ​របស់​កម្ពុជា​គួរតែ​ត្រូវបាន​ចែករំលែក​ជាមួយនឹង​បណ្ដា​ប្រទេស​នៅលើ​សកលលោក​”​។ ជាមួយគ្នា​នោះ​, ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​, តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ក៏​បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញា​បន្ត​គាំទ្រ​កិច្ចសហប្រតិបត្តិការ លើ​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សំដៅ​ចូល​រួមចំណែក​សម្រេច​ឱ្យបាន​គោលដៅ​កម្ពុជា​គ្មាន​មីន​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី​បានបញ្ជាក់​សាជាថ្មី​ថា វិស័យ​សកម្មភាព​មីន​នៅតែ​ជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល ហើយ​កម្ពុជា​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​ឈាន​ទៅ​សម្រេច​តាម​គោលដៅ​ដែល​បាន​គ្រោងទុក ។ សម្តេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​គ្រប់​ភាគី​ពាក់ព័ន្ធ ឱ្យ​បន្ត​សហការ​គាំទ្រ​, ចូលរួម និង​យកចិត្តទុកដាក់​លើ​ការងារ​បោសសម្អាត​មីន​,​ការអប់រំ​ពី​គ្រោះថ្នាក់​នៃ​គ្រាប់មីន​, ការជួយ​ស្ដារនីតិសម្បទា​ដល់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​,​ការអភិវឌ្ឍ​សហគមន៍​ក្រោយ​ការ​បោសសម្អាត​មីន​, ការពង្រឹង​សមត្ថភាព​បច្ចេកទេស និង​ឧបករណ៍​, ព្រម​ទាំង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com