ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្នុងបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបិទការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២២) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតលោកគ្រូអ្នកគ្រូ និងអតីតសិស្សសាលាបាក់ទូក នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញយ៉ាងច្រើនកុះករ។
តាមរបាយការណ៍ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រកួតដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធពិធីបិទនៅថ្ងៃនេះ គឺចាប់ផ្តើមដំណើរការឡើង តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ។ ការប្រកួតទាំងពីរប្រភេទកីឡានេះ មានក្រុមកីឡាករចូលរួមចំនួន៣៩ក្រុម ក្នុងនោះ វិញ្ញាសាបាល់ទាត់ មាន ២០ក្រុម និង វិញ្ញាសាបាល់ទះ មាន ១៩ក្រុម សរុបកីឡាករចូលរួមទាំងអស់ មានចំនួន ៥០៣នាក់។
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថ្លែងកោតសសើរដល់ក្រុមកីឡាកររួមនិង ក្រុមការងារ ដែលបានរៀបចំការប្រកួត តាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ បានបញ្ចប់ទៅដោយរលូន និងបង្ករភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាពពេញផ្ទៃប្រទេស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិ។ ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តថា តាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកដល់លោកធ្វើជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកតែងតែបំផុសស្មារតីចូលរួមគាំទ្រ និងលេងកីឡាដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស។
ក្រោយចប់ការប្រកួត ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ពានរង្វាន់ជូនដល់ក្រុមទាំង០៦ ដែលទទួលបានជ័យលាភីផ្តាច់ព្រ័ត្រទាំងពីរប្រភេទកីឡា ដោយចំណាត់លេខ១ ទទួលបានពានមាស១ ទឹកប្រាក់ចំនួន ២លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានពានប្រាក់១ ទឹកប្រាក់ចំនួន ១លាន៥សែនរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានពានសំរឹទ្ធ១ទឹកប្រាក់ចំនួន ១លានរៀល ដូចៗគ្នា ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ ក្រោមបរិយាកាស សប្បាយរីករាយបំផុត៕