ទាន់ហេតុការណ៍
0

អបអរសាទរ​ខួប​៧១​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ (UNESCO)

អបអរសាទរ​ខួប​៧១​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ (UNESCO)

អង្គការ​យូណេស្កូ គឺជា​ផ្នែក​មួយ​របស់​អង្គការសហប្រជាជាតិ ធ្វើការ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការអប់រំ​វិទ្យាសាស្ត្រ ។ អង្គការ​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៤៥ អង្គការ​នេះ ធ្វើ​បេសកកម្ម​ពិសេស​ក្នុង​ការរក្សា​នូវ​សន្តិភាព និង​សន្តិសុខ​នៅក្នុង​ពិភពលោក ដោយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រជាជាតិ​នានា តាមរយៈ​ការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ទំនាក់ទំនង​។​

​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ (UNESCO) នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​១៩៥១​។ ការិយាល័យ​អង្គការ​យូណេស្កូ​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​បើក​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩១​។ យូណេស្កូ​នៅ​កម្ពុជា ធ្វើ​ការងារ​នៅ​ក្រោម​ក្របខណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​សម្រាប់​កម្ពុជា (UNDAF) ឆ្នាំ​២០១៩-២០២៣ ដែល​សំដៅ​លើកកម្ពស់​ការអប់រំ​, បរិស្ថាន​, ទំនាក់ទំនង និង​ព័ត៌មាន​, មរតក​វប្បធម៌​, សេរីភាព​នៃ​ការបញ្ចេញមតិ និង​វិទ្យាសាស្ត្រ​ធម្មជាតិ ដើម្បី​ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​របៀបវាៈ​នៃ​ការអភិវឌ្ឍ​ប្រកបដោ​យ​ចីរភាព​ឆ្នាំ​២០៣០​។​

​បន្ទាប់​ពី​តំបន់​អង្គរ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​មួយ សម្រាប់​ការអភិរក្ស និង​ការអភិវឌ្ឍ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៩៣​។ ការបង្កើត ICC-Angkor គឺ​កើត​ចេញពី​លក្ខខណ្ឌ​កំណត់ដោយ​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ទទួល​ស្គាល់​តំបន់​អង្គរ​ទៅក្នុង បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។​

​ប្រាសាទ​របស់​កម្ពុជា​ចំនួន​៣ ត្រូវបាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក តាមរយៈ​មហាសន្និបាទ​អង្គការ​យូណេស្កូ​នេះ រួមមាន​៖ ប្រាសាទ​អង្គរ ត្រូវបាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២, ប្រាសាទ​ព្រះវិហារ នៅ​ឆ្នាំ​២០០៨ និង​តំបន់​ប្រាសាទសម្បូរព្រៃគុក នៅ​ឆ្នាំ​២០១៧​។​

​ចំណែក​សម្បត្តិ​វប្បធម៌​អ​រូបិយ​របស់​កម្ពុជា​ចំនួន​៥ ក៏​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​យូណេស្កូ​ផងដែរ រួមមាន​៖ ល្ខោន​ខោល ដាក់បញ្ចូល​នៅ​ឆ្នាំ​២០១៨, ចាប៉ីដងវែង នៅ​ឆ្នាំ​២០១៦, ល្បែង​ទាញព្រ័ត្រ នៅ​ឆ្នាំ​២០១៥, របាំ​ព្រះ​រាជទ្រព្យ នៅ​ឆ្នាំ​២០០៨ និង​ល្ខោន​ស្រមោល​ស្បែក​ធំ នៅ​ឆ្នាំ​២០០៨​។ ជាមួយគ្នានេះ គុន​ល្បុក្កតោ ក៏​ត្រូវ​បាន​ស្នើ​ឲ្យ​យូណេស្កូ ពិចារណា​ដើម្បី​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​អ​រូបិយ​ផងដែរ​៕

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com