នារសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ វាយតម្លៃលទ្ធផលការងារកំណែទម្រង់ការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណនូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បង្ការ បង្ក្រាប សង្គ្រោះ សម្រេចបានស្នាដៃជាច្រើនក្នុងឆ្នាំ២០២៣ កន្លងទៅ ជាពិសេសការងារបំពេញបេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំ ជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងព្រឹត្តិការជាតិ-អន្តរជាតិធំៗ ប្រកបដោយសាមគ្គីភាព ការលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តថា ក្រោមវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលផ្តើមចេញពីការយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រហូតដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ ដូច្នេះយើងត្រូវ អរគុណសន្តិភាព អរគុណ នយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវ សន្តិភាពនិងការឯកភាពជាតិពេញលេញជូនដល់កម្ពុជា។ បន្ថែមពីនេះទៀត យើងទាំងអស់គ្នា ត្រូវបន្តប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាផ្ទាល់ខ្លួន ពេលវេលាគ្រួសារ ប្តេជ្ញា បម្រើ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេដឹកនាំវ័យក្មេងពោរពេញដោយសមត្ថភាព និងសក្តានុពលខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕