(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុមរួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំយកថវិកា ដែលបានមកពីការចូលរួមពីអតីតលោកគ្រូ អ្នកគ្រូ និងសិស្សរួមជំនាន់ សរុប៨,០១០ដុល្លារ និង១៥ម៉ឺនរៀល រួមនឹងផ្លែឈើ១កន្ត្រក និងភេសជ្ជៈចម្រុះ៨កេស ទៅសួរសុខទុក្ខ និងប្រគល់ជូនលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យាដ៏ល្បីល្បាញម្នាក់នាទសវត្សរ៍ទី៨០ ដែលកំពុងសម្រាកព្បាលវះកាត់ជើង ដោយសារដំបៅនៃមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរនៅមន្ទីរពេទ្យព្រះអង្គឌួង។
ក្នុងឱកាសនោះ ក្រុមអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកទាំងអស់ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងក្រុមវេជ្ជបណ្ឌិតជំនាញ ដែលបានជួយជ្រោមជ្រែងក្នុងការព្យាបាលដល់លោកគ្រូ ជា សែ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៨ លោកគ្រូ ជា សែ ក៏ធ្លាប់ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយត្រូវបានអតីតសិស្សសាលាបាក់ទូកនាឆ្នាំ៨០ រួមគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន តាមលទ្ធភាពបានថវិកាសរុបជាង ៧,០០០ដុល្លារ ប្រគល់ជូនលោកគ្រូ ជា សែ ទុកជាការជួយសម្រាលបន្ទុកព្យាបាលដល់គ្រួសារលោកគ្រូម្តងរួចមកហើយផងដែរ។
ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់ នៃសាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើង ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកង រាជអាវុធហត្ថរាជធានីភ្នំពេញ តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា។
សកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ និងមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាគោលការណ៍ក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា «សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក»៕