នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្ត្រ ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន ០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ជាមុខសញ្ញាចាស់ សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ កម្លាំងល្បាត ក៏បានហៅឱ្យក្រុមទាំងនោះអែបខាងផ្លូវ ដើម្បីត្រួតពិនិត្យនិងសួរនាំ ស្រាប់តែពួកគេទាំង ០៣ម៉ូតូ មិនព្រមឈប់ ហើយព្យាយាមបន្ថែមល្បឿនរត់គេច ឃើញដូចនេះក្រុមល្បាត បានប្រដេញតាមរហូតដល់ចំណុចមុខឃ្លាំងអេតចាយជិតស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យរថយន្តសារ៉ែនសមត្ថកិច្ច មានគ្រោះថ្នាក់រងការខូចខាតទាំងស្រុង ព្រមទាំងកម្លាំងល្បាតចំនួន ០២នាក់ រងរបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ ៖
១.ឈ្មោះ យុំ រតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយមានលក្ខណ៏ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ (មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ)។
២.ឈ្មោះ រ៉ា ស៊ីយ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ តែដោយយុវជនរូបនេះ ពុំមានតម្រុយអ្វីជាប់ពាក់ព័ន្ធបទល្មើស ក៏ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីនិងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត។
ដោយឡែក នៅរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំក្រុមការងារ នាំយកថវិកា និងអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា ថវិកាចំនួន ២លានរៀល, ទឹកក្រូចដប ០២កេស, ទឹកសុទ្ទ ០៣កេស, ទឹកដោះគោឆៅ០២យួរ, ផ្លែក្រូចពោធិ៍សាត់ចំនួន ២ឡូ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ យិន ចំរ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលកំពុងបំពេញភារកិច្ចបង្ក្រាបករណីខាងលើ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអ្នករ៉ាប់រងលើថ្លៃព្យាបាលទាំងស្រុងផងដែរ៕