ទាន់ហេតុការណ៍
0

អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

កាលពីពេល​កន្លង​ទៅ មាន​ករណី​ជនសង្ស័យ​ម្នាក់​បាន​ក្លែងបន្លំ​ជា​អាវុធហត្ថ ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​កោស​ជប់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ កាលពី ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២៣ ហើយ​ក្រោយមក​នៅ​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៣ មាន​ជន​ស៊ីវិល​០២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង គ្រឿង​ម៉ាក ណៃ​ហត ដោយ​មាន​ម្នាក់​ដោះអាវ និង​ម្នាក់​ទៀត​ស្លៀក​ខោខ្លី បាន​ធ្វើ​ការចុះ​ឃាត់​និង​ឆែកឆេរ​ពលរដ្ឋ រក​គ្រឿងញៀន នៅតាម​ដងផ្លូវ ដោយ​តាំងខ្លួន​ជា​សមត្ថកិច្ច ថែម​ទាំង​ថ្លើមធំ​ហ៊ាន​ក្លែង​រហូតដល់ លើក​ស្លាក​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅផ្ទះ​របស់​ខ្លួន​ទៀត​ផង ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​បក្សពួក​ម្នាក់ បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ កាលពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ ២០២៣​។

​ករណី​ថ្មី​ទៀត មាន​ជនសង្ស័យ​ម្នាក់ទៀត មិន​ត្រឹមតែ​ក្លែងបន្លំ​ជា​សមត្ថកិច្ច​អាវុធហត្ថ ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លែង​ជា​នគរបាល​ផង និង​មេធាវី ថែមទៀត​ផង ដើម្បី​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ ជា​អាជីព តាមរយៈ​បណ្តាញ​សង្គម តេ​ឡេ​ក្រាម និង​ហ្វេ​ស​បុក ត្រូវបាន កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង និង​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌទួលគោក ចុះ​ឃាត់ខ្លួន​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច ផ្ទះ​លក់​កាហ្វេ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ឈ្មោះ ផៅ ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​សារភាព​ឲ្យដឹងថា កន្លងមក ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ តាម​បណ្ដាញ​សង្គម ហ្វេ​សប៊ុក និង ប្រព័ន្ធ​តេ​ឡេ​ក្រាម បាន​សម្រេច​ចំនួន ០៧​លើក រួចមកហើយ ក្រោមរូបភាព យក​រូប​ជា​សមត្ថកិច្ច​កងរាជអាវុធហត្ថ​, នគរបាល និង​មេធាវី មក​ដាក់​តាំង​នៅ​លើ ប្រូ​ហ្វាល់​តេ​ឡេ​ក្រាម របស់ខ្លួន រួមមាន ៖ ឈ្មោះ CHAN SEIHA ប្រើ​លេខ ទូរស័ព្ទ ០៩៦ ៧៥៧ ៧៩១៩, ឈ្មោះ CHAN THY ប្រើ​លេខ ទូរស័ព្ទ ០៦០ ៤១១ ៦៦០, តាំង​រូប​ក្លែង​ជា​មេធាវី​ប្រើ​លេខ​ទូរស័ព្ទ ០១៦ ៦២២ ៣៣៧ និង​រូប​គណនី​ផ្ទាល់ខ្លួន មានឈ្មោះ PHIL LIP ហើយ​ហ្វេ​សប៊ុក​របស់​ខ្លួន​ផ្ទាល់​ឈ្មោះ PHILLIPS PN ដោយ​ដាក់​តាំង​រូប​ជា​ជនបរទេស ដើម្បី​ចូល​ទៅ​តាមដាន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក និង គ្រុប​តេ​ឡេ​ក្រាម ជាដើម ប្រសិនបើ​មាន​ជនរងគ្រោះ​ណា ផុស​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​សង្គម​ទាំងនោះ​ថា​មាន ករណី​បាត់​ឆ្កែ​, បាត់​ម៉ូតូ ឬ ចោរឆក់​ទូរស័ព្ទ នោះ​រូប​ខ្លួន​នឹង​ធ្វើ​ការទំនាក់ទំនង​ទៅ​សុំ​លេខ​ទូរស័ព្ទ និង​តេ​ឡេ​ក្រាម ពី​ជនរងគ្រោះ ដើម្បី​ឆា​តទៅ​សួរ​នាំ​ជនរងគ្រោះ​ពី​រឿងហេតុ រួច​ខ្លួន​បាន ឲ្យ​ពួកគាត់​វេ​រ​ប្រាក់ ដើម្បី​ជួយ​ស្រាវជ្រាវ​រក​របស់​ដែល​បាន​បាត់ ហើយ​ខ្លួន​បាន​ឲ្យ​ជនរងគ្រោះ ផ្ញើ​ប្រាក់​តាមរយៈ​សេវា​វី​ង និង ABA របស់​ខ្លួន​ផ្ទាល់ ដែល​មាន​លេខ 006 095 596 និង​មាន​គណនី​ឈ្មោះ PHANITH PHAO ។ ជនសង្ស័យ​បន្ថែមទៀតថា ខ្លួន​ប្រព្រឹត្ត​អំពើ​ទាំងនេះ​តែ​ម្នាក់​ឯង​នោះ​ទេ ដោយ​ពុំ​មាន​បក្ខពួក​ណា​ចូលរួម​ឡើយ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com