កាលពីវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថាមានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង នៅចំណុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបំណងលួចសម្ភារមានតម្លៃផ្សេងៗ។ បន្ទាប់ពីទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ភ្លាមៗ។ ក្រោមវិធានការជំនាញជនសង្ស័យបានបន្តចង្អុលបង្ហាញទៅឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ កាន សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុច បន្ទប់ផ្ទះសំណាក់បឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ រហូតមកដល់ម៉ោង ១៤និង៥០នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់ខ្លួនជនសង្ស័យទី៣ ឈ្មោះ កេង ហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ នៅចំណុចធនាគារមួយកន្លែង ផ្លូវ២៨៩ ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង០៣នាក់ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពចូលលួចសម្ភារមានតម្លៃផ្សេងៗ និងកាច់កម៉ូតូអស់ជាច្រើនលើកមកហើយ ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ដោយក្នុងនោះជនសង្ស័យ ពេជ្រ ណារិទ្ធ បានបន្តថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចចំនួន០៥លើក ដោយលើកទី០១ អំឡុងខែមិថុនា ឆ្នាំ២០២៣ បានធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ នៅចំណុចផ្សារទូលពង្រ, លើកទី០២ អំឡុងខែកក្កដា ឆ្នាំ២០២៣ ធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺមក នៅចំណុចផ្សារពោធិញាណ និងលើកទី០៣ នៅពាក់កណ្តាល ខែសីហា ឆ្នាំ២០២៣ ធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង នៅចំណុចជិតសាលាកសិកម្មចំការដូង, លើកទី០៤ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក ហុងដា វ៉េវ នៅចំណុចបឹងតាមោក និងលើកទី០៥ នេះ បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង បំណងលួចសម្ភារមានតម្លៃផ្សេងៗ នៅចំណុចទីតាំងខាងលើ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះឃាត់ខ្លួនតែម្តង។ ចំណែកឯជនសង្ស័យ កេង ហុង បានឆ្លើយសារភាពឲ្យដឹងថា កន្លងមក ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូចំនួន ០៥លើក នៅឯខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕