នៅព្រឹក ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលបានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះបានធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។
ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃ ទាំងការធានារ៉ាប់រងប្រមាណ ២០០លានដុល្លារ នេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។
ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។
ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយ និងមោទនភាពជាខ្លាំង ចំពោះការបានទទួលស្វាគមន៍ចំពោះដំណើរមកដល់ពានរង្វាន់បាល់ទាត់ពិភពលោកនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រះរាជាណាច្រកម្ពុជាមានកីឡាករ កីឡាការិនី ដែលបានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២,០០០ នាក់ និងមានប្រមាណជាង ៣,០០០ នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព ។
ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាមានប្រមាណជាង ១០ ម៉ឺននាក់ ។ សម្តេចតេជោបានបន្តថា ពានរង្វាន់បាល់ទាត់ពិភពលោកនាពេលនេះ ក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣,០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។
ក្នុងឱកាសដ៏សប្បាយរីករាយនេះ សម្តេចតេជោ សូមអោយអ្នកស្នេហាវិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកទី ១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺ ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ ។
សម្តេចតេជោបានប្រសាសន៍បន្តថា សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងនាមសម្តេចជាប្រធានអាស៊ាន សម្តេចចង់ឃើញអាស៊ានមានចក្ខុវិស័យនិងផែនការដេញថ្លៃធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ដែលសម្តេចនឹងពិនិត្យមើលលទ្ធភាពស្នើសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត ។
ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ជាមួយភាពសុខដុមរមនារវាងបណ្តាប្រទេសជាសមាជិកតាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទិ្ធពលនេះ ។
សម្តេចតេជោ សូមថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និង ក្រុមហ៊ុនកូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើក ពានរង្វាន់បាល់ទាត់ពិភពលោក និង សូមកោតសរសើរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ៕