កាលពីយប់ថ្ងៃទី០២ ឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ មានជនសង្ស័យមួយក្រុមជិះម៉ូតូម៉ាកនិច ចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះកំពុងជិះម៉ូតូលើដងផ្លូវ០២នាក់ បានសម្រេច នៅចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ព្រមជាមួយគ្នានោះ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ជិះល្បាតដល់ចំណុចផ្លូវបេតុងកែងស្ថានីយ៍ប៉ុស្តិ៍វិទ្យុABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ក៏បានប្រទះឃើញយុវជនមួយក្រុមជិះម៉ូតូម៉ាកនិច ចំនួន០៣គ្រឿង ដោយមានការសង្ស័យ ក៏បានធ្វើការឃាត់សួរនាំ និងឆែកឆេរ ប៉ុន្តែក្រុមជនសង្ស័យទាំងនោះមិនព្រមសហការបែជាបើកម៉ូតូរត់គេច ឃើញដូច្នេះកម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏ជិះម៉ូតូប្រដេញតាមរហូតដល់ចំណុច ផ្លូវបេតុងក្បែវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យចំនួន០២នាក់បានផ្តួលម៉ូតូចោល និងរត់គេចខ្លួន ភ្លាមៗនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏បានបន្តដេញចាប់ រហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ចំណែកបក្ខពួក០៤នាក់ទៀត បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។ លុះមកដល់វេលាម៉ោងប្រមាណ១០និង២២នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបន្តស្រាវជ្រាវ ទៅដល់ទីតាំងដែលបក្ខពួកជនសង្ស័យ សំងំលាក់ខ្លួនត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់បន្ថែមទៀត និងចាប់យកវត្ថុតាងមួយចំនួន ដើម្បីចាត់ការតាមនីតិវិធី។
ក្រុមជនសង្ស័យទាំង០៥នាក់ រួមមាន៖ ១.ឈ្មោះ សំអូន ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ, ២.ឈ្មោះ ខ្លួត សុភមង្គល ហៅជា ភេទប្រុស អាយុ ១៦ឆ្នាំ, ៣.ឈ្មោះ យ៉ុង ភារុណ ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ, ៤.ឈ្មោះ ឈុន លីដាលីន ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ យ៉ុង ផាន់នី ភេទប្រុស អាយុ១៧ឆ្នាំ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ បានឲ្យដឹងដូចៗគ្នាថា ក្រុមពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានចំនួន០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះ ត្រង់ចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ប្រាកដមែន។ ជនសង្ស័យ ឈ្មោះ ខ្លូត សុភមង្គល ហៅ ជា បានឲ្យដឹងទៀតថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ ខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅម្តុំរង្វង់មូលគួរស្រូវ និងកាលពីអំឡុង ខែឧសភា ឆ្នាំ២០២៣ ខ្លួនធ្លាប់បានប្រព្រឹត្ត អំពើហិង្សាដោយចេតនា ដោយកាប់បំផ្លាញម៉ូតូអ្នកដទៃនៅម្តុំរង្វង់មូលគួរស្រូវផងដែរ រីឯជនសង្ស័យឈ្មោះ យ៉ុង ផាន់នី ហៅ ហុង បានឲ្យដឹងដែរថា កាលពីអំឡុងឆ្នាំ២០២២កន្លងមក ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ នៅម្តុំផ្សារព្រែកជ្រៃ ផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕