ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ហើយម្ចាស់យានជំនិះចង់ប្តូរថ្មី អាចធ្វើការស្នើសុំប្តូរផ្លាកលេខថ្មីបាន ប៉ុន្តែរក្សាស៊េរី និងលេខនៅដដែល ។
ក្រសួងបានបញ្ជាក់ថា ចំពោះផ្លាកលេខ ដែលរលុប ឬឆ្កូតតិចតួចអាចកំណត់អត្តសញ្ញាណយានជំនិះបាន មិនតម្រូវឱ្យធ្វើការប្តូរនោះទេ។
ការស្នើសុំប្ដូរ បណ្ណ និង/ឬផ្លាកលេខសម្គាល់យានជំនិះដែលជាកម្មសិទ្ឋិរូបវន្តបុគ្គល ឬក្រុមហ៊ុន ត្រូវបំពេញបែបបទ និងភ្ជាប់ជាមួយនូវសំណុំឯកសារ ដូចខាងក្រោម៖
– ពាក្យស្នើសុំ (ដែលមានបិតកាលលេខតួ ឬលេខសាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានជំនិះ)
– អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជារូបវន្តបុគ្គល)
. ពលរដ្ឋខ្មែរ៖ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ជនបរទេស៖ ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព ដោយមានផ្តិតស្នាមមេដៃរបស់សាម៉ីខ្លួន និងច្បាប់ដើមលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយស្ថាប័នមានសមត្ថកិច្ច
– អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជាក្រុមហ៊ុន)
. ច្បាប់ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ច្បាប់ថតចម្លងបណ្ណប៉ាតង់ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
– បណ្ណសម្គាល់យានជំនិះដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)
– ផ្លាកលេខសម្គាល់យានជំនិះដែលត្រូវប្តូរ រ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ច្បាប់ថតចម្លង (ករណី ត្រីចក្រយានយន្ត និងរថយន្ត)
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ពីកម្រៃសេវាសាធារណ៖
– បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល
– បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត(ក្រុមហ៊ុន) ៥០ ០០០រៀល
– ផ្លាកលេខសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង) ៣៨ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ) ៦៥ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ២៤០ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង) ៥២ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ) ៧០ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១៥០ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ៣០០ ០០០រៀល
– ផ្លាកលេខខ្នាតធំ (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០រៀល
– ផ្លាកលេខខ្នាតធំ (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ១៨០ ០០០រៀល