កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្មេងស្ទាវ១ក្រុមប្រហែល២០នាក់ ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃ បានចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះអន្តរាគមន៍ បង្ក្រាបជាក់ស្តែងភ្លាមៗ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន១៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០៤ដើមផងដែរ។
ក្រោយពេលស្តាប់ចម្លើយ ក្រុមក្មេងទំនើងទាំង១៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ចូលកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយធ្លាប់ឃើញក្រុមក្មេងស្ទាវទាំងនោះ ឧស្សាហ៍អង្គុយលេងក្នុងផ្ទះមួយនោះ និងឃើញម៉ូតូម្ចាស់ផ្ទះ ស្មានថាជាម៉ូតូរបស់ភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ក៏ចូលកាប់បំផ្លាញម៉ូតូនោះតែម្តង។
បច្ចុប្បន្នជន ក្រុមក្មេងទំនើងទាំង១៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕