ទាន់ហេតុការណ៍
0

​ភាពយន្ត​ខ្នាត​ធំ​រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​គ្រោង​នឹង​ថត​រយៈពេល​១៣​ខែ​មាន​៤៤​ភាគ​

​ភាពយន្ត​ខ្នាត​ធំ​រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​គ្រោង​នឹង​ថត​រយៈពេល​១៣​ខែ​មាន​៤៤​ភាគ​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី និង​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​ថត​ខ្សែភាពយន្ត​ភាគ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​នា​ព្រឹក​ថ្ងៃ ចន្ទ ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ​២០២១​។​

​ខ្សែ​ភាគ​យន្ត​ភាគ​ខ្នាត​ធំ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​ដែលជា​ភាពយន្ត​ប្រវត្តិសាស្ត្រ​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិតៗ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​កុលបុត្រ​ដ៏​ឆ្នើម​ទាំង​ទ្វេ​ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា​ឱ្យ​រួចផុត​ពី​របប​យង់ឃ្នង​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គណៈកម្មការ​បាន​ជ្រើសរើស​អ្នកនិពន្ធ​ចំនួន​៥​រូប​ដើម្បី​រៀបចំ​កែសម្រួល​ខ្លឹមសារ​អត្ថបទ​និពន្ធ ល្ខោន​វិទ្យុ ទៅ​ជា​អត្ថបទ​និពន្ធ​ភាពយន្ត​សរុប​មាន​៤៤​ភាគ ស្មើនឹង​៦៥៣​ឆាក​។​បន្ទាប់​ពី​បញ្ចប់​ការងារ​នោះ គណៈកម្មការ​បាន​បង្កើត​ក្រុមការងារ​មួយ​ធ្វើការ​ពិនិត្យ កែលម្អ ដោយ​បន្សី​នឹង​សាច់រឿង​ឱ្យស្រប​ទៅ​នឹង​បរិបទ​សម័យកាល​។​ដើម្បី​ក្តាប់បាន​ពី​កត្តា​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​តួអង្គ​សំខាន់ៗ​ពាក់ព័ន្ធ ក្រុមការងារ​តែងតែ​ស្នើសុំ​ប្រឹក្សា​យោបល់​ពី​ទីប្រឹក្សា​របស់​គណៈកម្មកា​រ​ជា​ញឹកញាប់ ដើម្បី​ជា​ការបំពេញ​នូវ​កង្វះខាត​និង​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​ផលិត​។​ក្រុមការងារ​គ្រប់គ្រង​ការផលិត​បាន​ចុះ​សិក្សា​ពិនិត្យ​ជ្រើសរើស​ទីតាំង​សម្រាប់​ថត​ចំនួន​១០២​ទីតាំង​ដែល​ស្ថិតនៅក្នុង​ខេត្ត​កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​តុបតែង​បន្ថែម​ជាទី​តាំង​ថត ឱ្យស្រប​នឹង​បរិយាកាស ស្ថានភាព​ភូមិសាស្ត្រ និង​ជីវភាព​រស់នៅ​នា​សម័យកាល​នោះ​។​លើស​ពី​នោះ​ទៅ​ទៀត​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គណៈកម្មការ​បាន​រៀបចំ​សាងសង់​បន្ទាយ​កោះ​ថ្ម​បន្ទាយទ័ព​លន់នល់​នៅ​ទន្លេ​បិទ​និង​ភូមិ​ប្រជាជន​នៅ​មជ្ឍមណ្ឌល​ហ្វឹកហ្វឺន បញ្ជាការដ្ឋាន​អង្គរក្ស (​ភ្នំ​ស្រង់​) ដែល​សំណង់​ទាំងនោះ​មិន​ត្រឹមតែ​ជា​ការសាងសង់​សម្រាប់​ថត​ប៉ុណ្ណោះ​ទេ តែ​ជា​សំណង់​ដែល​មាន​លក្ខណៈ​រឹងមាំ​ដើម្បី​ទុក​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ក្នុង​ការសិក្សា ស្រាវជ្រាវ​របស់​សិក្ខាកាម​បញ្ជាការដ្ឋាន​អង្គរក្ស និង​កង​យោធពលខេមរភូមិន្ទ​។​

​យោងតាម​របាយការណ៍​របស់ ឯកឧត្តម ហ៊ឹម សុទិ​ត្យា រដ្ឋលេខាធិការ​ក្រសួងពត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ​រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​បានឱ្យដឹងថា​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រុម​ការងារ​បាន​ជ្រើសរើស​តួ​សម្តែង​សំខាន់ៗ​ចំនួន ១០៣​នាក់ តួ​ប្រជាជន​យ៉ាងតិច​៥០០​នាក់​ព្រមទាំង​កម្លាំង​អង្គរក្ស​ចូលរួម​៥០០​នាក់​ផ្សេង​ទៀត ដើម្បី​ចូលរួម​សម្តែង​ក្នុង​ឈុត​ឆាក​ធំៗ​ដូចជា​ឈុត​ឆាក​នៃ​ការប្រយុទ្ធ ការធ្វើ​បាតុកម្ម ការរៀបចំ​ពិធី​កំសាន្ត​បុណ្យចូលឆ្នាំ​ជាដើម​។​

​លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ត្រូវបាន​បញ្ជា​ទិញ​រួចរាល់​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម វ៉ាន់ ឆាល៍​ជួន ក្នុងនោះ​ក្រុម​ការងារ​បច្ចេកទេស​ថ​ត​បាន​ធ្វើ​ការហ្វឹកហាត់ ការប្រើប្រាស់​សម្ភារៈ​បច្ចេក​ទេស​ទាំងនោះ​រួចរាល់ ព្រមទាំង​ធ្វើ​ការថត​សាកល្បង​បាន​យ៉ាង​ស្ទាត់ជំនាញ​។ ឯកឧត្តម​ប្រធាន​គណៈកម្មការ​បន្តថា តាម​ផែន​ការផលិត​របស់​គណៈកម្មការ ការផលិត មាន​ចំនួន​៤៤​ភាគ​ប្រើ​រយៈពេល​១២​ខែ​កន្លះ​យ៉ាងតិច ហើយ​ការកាត់ត​ដំឡើង​រូបភាព និង​ត្រូវ​បញ្ចប់​មុន​ពាក់កណ្តាល​ឆ្នាំ​២០២៣​ខាងមុខ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​គ្រប់​ផ្នែក​ទាំងអស់​ដែល​បាន​ខិតខំ​សំរិត​សំរាំង​ចងក្រង កែលម្អ​ខ្លឹមសារ​សាច់រឿង ដែល​ផ្តើម​ចេញពី​ល្ខោននិយាយ​មកកាន់​ការផលិត​ភាពយន្ត​រឿង​ភាគ ការខិតខំ​រក​តួ​សម្តែង ការសិក្សា​ស្រាវជ្រាវ​រក​នូវ​សម្ភារៈ​យុទ្ធោបរណ៍​ទីតាំង​ភូមិ​សាស្ត្រ​ប្រវត្តិសាស្ត្រ ដើម្បី​ឈាន​ទៅ​ថត​ភាពយន្ត​ភាគ​រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​

​សម្តេច​តេជោ​មានប្រសាស​ន៍​សង្កត់ធ្ងន់​ថា រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​នេះ​មិន​អាច​ចប់​ត្រឹម​តែ​៤៤​ភាគ​នោះ​ទេ​វា​អាច​មាន​រយៈពេល​វែង​ជាង​នេះ ឬ​មួយ​យើង​អាច​ផលិត​ជា​ភាពយន្ត​ឯកសារ​ដែល​មាន​រយៈពេល​វែង​ក៏​អាច​ថា​បាន​ព្រោះ​ដំណើរ​ជីវិត​បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិតៗ​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​កុលបុត្រ​ដ៏​ឆ្នើម​ទាំង​ទ្វេ ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា​ឱ្យ​រួចផុត​ពី​របប​យង់ឃ្នង ប្រល័យ​ពូជសាសន៍ ប៉ុល ពត ការ​យក​ជីវិត​ធ្វើ​ជា​ដើមទុន និង​ការឆ្លងកាត់​ការធ្វើ​ពលី​ជីវិត​ឆ្លងដែន ជា​ច្រើន​រាប់​មិន​អស់​ទៀត​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com