ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ គឺចាប់ផ្តើមពីថ្ងៃទី០៥ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក្នុងនោះផងដែរ ដោយអនុវត្តតាមការដឹកនាំបញ្ជាពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងចូលរួមបំពេញបេសកកម្មយ៉ាងមមាញឹក តាមបណ្តាគោលដៅ ការពារ សន្តិសុខ សុវត្ថិភាព និង រក្សាសណ្ដាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ដោយមើលឃើញពីសកម្មភាពដូចនេះ និងដោយមានការយកចិត្តទុកដាក់លើភាពហត់នឿយរបស់កងកម្លាំងគ្រប់ប្រភេទ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំង សប្បុរសជននានាដែលស្រឡាញ់គាំទ្រ កងរាជអាវុធហត្ថ បានឧបត្ថម្ភនូវអំណោយជាបន្តបន្ទាប់ រួមមាន ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ផ្តល់ជូនដល់ មេបញ្ជារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចែកជូនបន្តដល់កម្លាំងក្រោមឱវាទដែលកំពុងបំពេញបេសកកម្ម ទុកជាការលើកទឹកចិត្ត និងបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹង ការហត់នឿយ របស់កងកម្លាំង។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជា លោកមេបញ្ជាការ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម ធ្វើការបែងចែកអំណោយទាំងនោះ ជូនដល់ដៃបងប្អូន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងឈរជើងតាមគោលដៅគ្រប់ៗគ្នា៕