ទាន់ហេតុការណ៍
0

ប្រាសាទតាកែវ​សាងសង់​មិន​ទាន់​រួច​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៥

ប្រាសាទតាកែវ​សាងសង់​មិន​ទាន់​រួច​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៥

សៀមរាប ​ ៖​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​គឺជា​ស្នា​ព្រះហស្ត​របស់​អង្គ​ក្សត្រ​នី​មួយៗ​ដោយ​ប្រាសាទ​នី​មួយៗ ជា​ប្រាសាទ​ផ្ទាល់ខ្លួន​របស់​អ្នក​សាង​។​ដោយហេតុនេះ​ហើយ​បានជា​កាលណា​អ្នក​ម្ចាស់​ប្រាសាទ​នោះ​ស្លាប់​ទៅ​គេបោះបង់​ចោល​ប្រាសាទ​របស់​អ្នក​នោះ​តែម្តង​។​

ឧទាហរណ៍​៖​យ៉ាង​ជាក់ស្តែង​គឺ​ប្រាសាទ​«​តាកែវ​» នៅ​ខាងកើត​អង្គរ​ធំ ដែល​គេ​ស្ថាបនា​មិនទាន់​ហើយ​ត្រូវបាន​គេបោះបង់​ចោល​ពីព្រោះ​ព្រះមហាក្សត្រ​ជ័យវរ្ម័ន​ទី​៥​ម្ចាស់​ប្រាសាទ​នេះ​ទ្រង់​ចូល​ទីវង្គត់​នៅពេល​ដែល​កំពុងសាង​រវាង​ឆ្នាំ​៨៦៩​។​គេ​ត្រូវ​ដឹង​ថា​ក្រៅពី​ប្រាសាទ​«​តាកែវ​»​ការបោះបង់​ចោល​នោះ​មិនមែន​មានន័យ​ថា​គេ​ទុក​ចោល​ក្នុង​ព្រៃ​ឥត​មាន​អ្នកណា​មួយ​នៅ​ទីនោះ​ទេ​។​ប្រាសាទ​នីមួយៗ​របស់​អ្នកណា​ក៏​ដោយ​ឲ្យតែ​មាន​ទំហំ​ធំ​បន្តិច​ត្រូវ​តែ​ប្រគល់​ឲ្យ​ព្រាហ្មណ៍មក​នៅ​ដល់ទីក​ន្លែ​ង​ដើម្បី​ថែរក្សា​។​ដល់​ពេល​ម្ចាស់​ប្រាសាទ​នោះ​ស្លាប់​ទៅ​ព្រាហ្មណ៍​ដែល​នៅ​ទីនោះ​នៅតែ​បន្ត​ការថែទាំ​ទៅ​ទៀត​ដូច​ពីមុន​ដដែល​។​

​នា​សម័យអង្គរ​ខ្មែរ​មិនមែន​មាន​សាសនា​តែមួយ​ដែល​ជា​ព្រហ្មញ្ញសាសនា​នោះទេ​។​គេ​មាន​ព្រះពុទ្ធសាសនា​ដែរ តែ​ព្រះពុទ្ធ​សាសនា​នេះ​គឺ​ព្រះពុទ្ធសាសនា​មហាយាន​មិនមែន​ព្រះពុទ្ធសាសនា​ហិន​យាន​ឬ​ថេរវាទ​ទេ​។​

​ស្តេច​សុរិយា​វរ្ម័នទី​១​និង​ស្តេច​ជ័យវរ្ម័ន​ទី​៧​គឺជា​ក្សត្រ​ដែល​កាន់​ព្រះពុទ្ធសាសនា​មហាយាន​។​ក្នុង​សាសនា​នេះ​គេ​គោរព​ច្រើន​ដល់​ព្រះ​ពោធិ៍​សត្វ​ដែល​មាន​រូប​ចម្លាក់​ថ្ម​យ៉ាង​ធំ​យ៉ាង​ច្រើន​នៅលើ​កំពូល​ប្រាសាទ​«​បា​យ៉ាន្ត​»​សព្វថ្ងៃ​ហៅថា​ប្រាសាទ​បាយ័ន​។​ក្នុង​ការគ្រប់គ្រង​រដ្ឋ​មហាក្សត្រ​ទាំងនោះ​គោរព​តាម​វប្បធម៌​ព្រហ្មញ្ញសាសនា​ទាំងអស់​ពិតមែនតែ​ព្រះអង្គ​កាន់​ព្រះពុទ្ធសាសនា​។​គេ​ទុក​ព្រះពុទ្ធ​ជា​ព្រះ​វិស្ណុ​ដែល​បាន​ក្លែងខ្លួន​មក​តែប៉ុណ្ណោះ​។​គេ​គោរព​យ៉ាង​ត្រឹមត្រូវ​គម្ពីរ​«​វិ​ដា​»​ដែល​ជា​គម្ពីរ​ធម៌​របស់​ព្រហ្មញ្ញសាសនា​ផង​និង​ជា​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋ​ផង​។​មហាក្សត្រ​ខ្មែរ​ដែល​កាន់​ព្រះពុទ្ធសាសនា​មហាយាន​ទ្រង់​រស់នៅ​ជាមួយ​អ្នក​កាន់​ព្រហ្មញ្ញសាសនា​យ៉ាង​ត្រជាក់​ត្រឹមត្រូវ​ដោយ​សន្តិភាព​។​

​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ទ្រង់​មាន​ព្រះ​មហេសី​មួយ​ដែល​ជា​បុត្រី​របស់​ព្រាហ្មណ៍​ទៀតផង​។​ព្រះគ្រូ​របស់​ព្រះអង្គ​ក៏​ជា​ព្រាហ្មណ៍​មួយអង្គ​ដែរ ដែល​មកពី​តំបន់​យៈមុណា​នៅ​ស្រុក​ក្លឹង្គឬ​ឥណ្ឌា​ហើយ​ដែល​មាន​ព្រះនាម​ថា​«​ហ​រាជ​ឥសី​កេសា​»​។​ដោយ​មាន​ការគោរព​ដល់​ព្រហ្មញ្ញសាសនា​នេះ​ហើយ​បានជា​គេ​ឃើញ​នៅ​ប្រាសាទ​បាយ័ន រូប​លឹង្គ​និង​យោ​នី​ដែលជា​តំណាង​ព្រះ​ឥសូរ​ព្រមទាំង​រូប​ផ្សេងៗ​របស់​ព្រះ​នារាយណ៍​ទៀត​៕​កញ្ញា វ៉ាត​.

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com