កំពង់ធំ៖ ដើមត្នោតនិងរទេះគោកែច្នៃឡើងវិញនិងប្រែក្លាយជាទូកត្នោតបាននិងកំពុងពេញនិយមពីអ្នកប្រើប្រាស់អាស្រ័យដោយសារចរាចរណ៍ដឹកជញ្ជូនពីកន្លែងផលិតនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ យកមកលក់តាមទីសាធារណៈក្នុងរាជធានីភ្នំពេញ។
ដើមត្នោតបានកែច្នៃទៅជាទូកត្នោតអាចជិះបានមនុស្ស២ទៅ៣នាក់ដោយទូកត្នោតនេះពេលនៅត្រាំក្នុងទឹកមានអាយុកាលរាប់សិបឆ្នាំ ដោយឡែករទេះគោបានកែលម្អដោយលាបថ្នាំខ្មៅរលោងផងដែរ។
តាមការបញ្ជាក់របស់លោក ខា ជាអ្នកដឹកជញ្ជូនទូកត្នោតនិងរទេះគោមកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឲ្យដឹងថា របរដឹកជញ្ជូនទូកត្នោតនិងរទេះគោមកលក់តាមទីប្រជុំជនជាយូរឆ្នាំមកដែលពិសេសដឹកចូលក្នុងរាជនីភ្នំពេញនិងក្នុងក្រុងតាខ្មៅក្នុងនោះទូកត្នោត១មានតម្លៃលក់បាន១០០ដុល្លារមានទាំងជើងទម្រផង បើសិនអតិថិជនទិញទូកត្នោតនេះដាក់តាំងលម្អក្នុងហាង ។
ចំណែករទេះគោអាចលក់បានថ្លៃក្នុង១រទេះបានតម្លៃ៤០០ដុល្លារ។លោក ខា បន្តថា តាំងពីដឹកជញ្ជូនទូកត្នោតបានចំនួនប្រមាណជាង៥០០ទូកនិងរទេះគោបានប្រមាណ៦០រទេះ ។ ក្នុង១លើកៗអាចដឹកជញ្ជូនបានទូកត្នោត១៥ទូកនិងរទេះគោបានចំនួន២គ្រឿងក៏ដោយសារការដឹកជញ្ជូនប្រើរ៉ឺមកតូចពេកទើបដឹកបានតិចនោះ។ក្នុងការដឹកជញ្ជូនមកលក់ក្នុងក្រុងប្រើរយៈពេល៤ថ្ងៃទើបអស់ហើយត្រឡប់ទៅផ្ទះវិញ ។
លោក ខា មានប្រសាសន៍បន្តទៀតថា សិប្បកម្មកែច្នៃទូកត្នោតនេះមានអ្នកគាំទ្រច្រើនដែលជាផលិតផលខ្មែរកើតឡើងពីស្នាដៃកូនខ្មែរសុទ្ធសាធហើយក៏បានចូលរួមអភិរក្សវត្ថុពីសម័យបុរាណឲ្យបានយូរអង្វែងសម្រាប់កូនខ្មែរស្រករក្រោយផងដែរ៕