កណ្តាល៖ ស្លឹកគ្រៃជាបន្លែគ្រឿងផ្សំជាមួយម្ហូបអាហារដោយតម្រូវការច្រើនរាល់ថ្ងៃដែលកសិករយើងតែងតែដាំតាមរបងផ្ទះ ឬដីទំនេរនៅក្រោយផ្ទះ។តែក្រោយពីមានតម្រូវការទីផ្សារច្រើនមកកសិករយើងក៏នាំគ្នាដាំស្លឹកគ្រៃជាទ្រង់ទ្រាយតូចជាលក្ខណៈគ្រួសារក្នុងឃុំល្វាឯម ស្រុកពញាឮ ខេត្តកណ្តាល។
ត្បិតតែស្លឹកគ្រៃងាយដាំក៏ពិតមែនតែក៏ត្រូវការពេលវេលាចាប់ពី៤ខែទៅ៥ខែដែរ ទម្រាំបានប្រមូលផលបញ្ចេញលក់នៅលើទីផ្សារ។លោក ឃឿន រស់នៅក្នុងឃុំល្វាឯម ស្រុកពញាឮ ខេត្តកណ្តាលដែលជាអ្នកដាំស្លឹកគ្រៃទើបតែបាន២ឆ្នាំប៉ុណ្ណោះបានមានប្រសាសន៍ឲ្យដឹងថានៅក្នុងឃុំនេះមានអ្នកដាំស្លឹកគ្រៃច្រើនគួរសមអាស្រ័យដោយដីក្រុមហ៊ុនទុកចោលឲ្យទំនេរនោះ។
លោក ឃឿនបន្តថាលើផ្ទៃដីក្បាល៤០ បណ្តោយ២០០ម៉ែត្រក្នុងការដាំស្លឹកគ្រៃចំណាយទុនប្រមាណ៣លានរៀលដោយដាំក្នុងរណ្តៅ២ទៅ៣ដើមប៉ុណ្ណោះក្នុងរយៈពេល៤ខែស្លឹកគ្រៃចាប់ផ្តើមបែកគុម្ពអាចប្រមូលផលបាន។ស្លឹកគ្រៃមានពីរប្រភេទគឺស្លឹកគ្រៃត្រែងដែលមានទីផ្សារខ្លាំងដោយឡែកប្រភេទស្លឺកគ្រៃក្រអូបកសិករយើងមិនដាំនោះទេ។
លោក ឃឿនបន្តទៀតថាស្លឹកគ្រៃមានអាយុកាលតែ២ឆ្នាំប៉ុណ្ណោះដោយក្នុង១ឆ្នាំៗយើងប្រមូលផលបាន២ដងដោយទទួលបានទិន្នផល៨តោនដោយចាប់ផ្តើមដាំចាប់ពីខែវិច្ឆិកាដល់ខែមីនា។លោក ឃឿន បានបញ្ជាក់ទៀតថាស្លឹកគ្រៃត្រែងនេះអាចលក់បាន១គីឡូក្រាម១ពាន់រៀលក្នុងដំណាក់កាលទី១និងដំណាក់កាលទី២បានថ្លៃ៨០០រៀលក្នុង១គីឡូក្រាម៕