ខេត្តកណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងអនុសាខាកក្រកស្រុកគោលដៅចំនួន៣ ក្នុងខេត្តកណ្តាលទទួលបានសម្ភារបរិក្ខារ សម្រាប់ប្រតិបត្តិការកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាព ក្នុងសហគមន៍ ពីកាកបាទក្រហមហ្វាំងឡង់ និងសហគមន៍អឺរ៉ុប ក្រោមអធិបតីភាពឯកឧត្ដមវិជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល។
ស្រុកគោលដៅទាំង៣ មានស្រុកលើកដែក ស្រុកខ្សាច់កណ្ដាល និងស្រុកកោះធំ ហើយសម្ភារបរិក្ខារ ដែលស្រុកគោលដៅទាំង៣ទទួលបាន ក្នុង១ស្រុក រួមមាន ម៉ូតូDream ឆ្នាំ២០២២ ១គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង, ម៉ាស៊ីនព្រីនធើ ១គ្រឿង និងទូដាក់ឯកសារមានទ្វា១ ព្រមជាមួយគ្នានេះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ទទួលបានម៉ូតូDream ឆ្នាំ២០២២ ២គ្រឿង, កុំព្យូទ័រយួរដៃ ២គ្រឿង, ម៉ាស៊ីនព្រីនធើ ស្កេន កូពី ១គ្រឿង, កាមេរ៉ាថតរូប ១គ្រឿង, ទូដែក១, ទូដាក់ឯកសារគ្មានទ្វា១ និងទូដាក់ឯកសារមានទ្វា ១។
មានប្រសាសន៍សំណេះសំណាលមានឱកាសនោះដែរ ឯកឧត្ដមវិជ្ជបណ្ឌិត គួយ ប៊ុនធឿន បានណែនាំដល់អនុស្សាទាំងអស់ដែលទទួលបានសម្ភារៈបរិក្ខារ ត្រូវយកចិត្តទុកដាក់ថែរក្សាសម្ភារៈទាំងអស់នេះឱ្យបានល្អ ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនិងនោះផងដែរ សូមប្រើប្រាស់សម្ភារៈបរិក្ខារទាំងអស់នេះឱ្យចំគោលដៅ ដើម្បីគ្នាបាននៅគុណភាព និងប្រសិទ្ធភាពការងារ ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយនានា ពិសេសប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយចាំបាច់ពីកាកបាទក្រហមកម្ពុជានៅក្នុងមូលដ្ឋានរៀងៗខ្លួន។