មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលេចអំពីស្នាដៃកូនប្រុសបង្កើតរបស់ខ្លួន គឺលោកវរសេនីយ៍ឯក សៀ ទីន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈការយកចំណេះជំនាញ ដែលខ្លួនបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ដ្រាលី រួមផ្សំជាមួយបទពិសោធន៍របស់រាមច្បងអាវុធហត្ថ មកជួយហ្វឹកហ្វឺនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ការចេញមករំលេចអំពីស្នាដៃក្នុងការចូលរួមចំណែកដើម្បីហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ របស់កូនប្រុស ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើឡើងស្របពេលដែលសមាជិកដែលនៅក្រោមការគ្រប់គ្រងដឹកនាំ និងទទួលបានការហ្វឹកហ្វឺនផ្ទាល់ជាប់ជាប្រចាំ ពីកូនប្រុសច្បងរបស់លោក បានរៀបចំកម្មវិធីរំលឹកខួប នៃការបង្កើតក្រុមពួកគេ ដែលមកទល់ពេលនេះ មានរយៈពេល៨ឆ្នាំហើយ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «សមាជិកដែលនៅក្រោមការគ្រប់គ្រងដឹកនាំ និងទទួលបានការហ្វឹកហ្វឺនផ្ទាល់ជាប់ជាប្រចាំ ពីកូនប្រុសច្បងរបស់ខ្ញុំ បានរៀបចំកម្មវិធី រំលឹកខួប នៃការបង្កើតក្រុមពួកគេ ដែលធ្វើឲ្យខ្ញុំឃើញហើយ ហាក់ភ្ញាក់បន្តិចថា ពេលវេលាពិតជាដើរលឿនមែន។
គិតៗទៅ គឺរយៈពេល៨ឆ្នាំមកហើយ ដែលកូនប្រុសច្បងរបស់ខ្ញុំ បានយកចំណេះជំនាញ ដែលខ្លួនបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី មករួមផ្សំជាមួយបទពិសោធន៍រៀមច្បង ជួយធ្វើការហ្វឹកហ្វឺនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ»៕